
កាលបរិច្ឆេទ: ១១ សីហា ២០២៦ / សុខភាព / Author : ATH Sokren
ប៉េប៉េអឹម (PPM) ដែលជាក្រុមហ៊ុនចែកចាយផលិតផល Saforelle របស់ក្រុមហ៊ុន Biocodex នៃប្រទេសបារាំង និងជាទីផ្សារនាំមុខគេមួយរបស់ Saforelle នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ «កិច្ចពិភាក្សាពីយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមផលិតផលសុខភាពស្ត្រីរបស់ Biocodex» ជាលើកដំបូង ដែលបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងដៃគូចែកចាយ និងក្រុមការងារពាក់ព័ន្ធប្រមាណជាង ២៥ រូប មកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន កម្ពុជា វៀតណាម ម៉ាឡេស៊ី កាហ្សាក់ស្តង់ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ុងហ្គោលី និងថៃ ព្រមទាំងតំណាងក្រុមការងារ Biocodex Global មកពីប្រទេសបារាំងផងដែរ។
លោក តិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុករបស់ក្រុមហ៊ុន PPM ដែលត្រូវបានអញ្ជើញឱ្យតំណាងកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ បានឱ្យដឹងថា កិច្ចពិភាក្សាជារួមផ្តោតលើទិសដៅ និងយុទ្ធសាស្ត្រទីផ្សារថ្មីៗសម្រាប់ក្រុមផលិតផល Saforelle នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការយល់ដឹងពីការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ ការអភិវឌ្ឍសកម្មភាពផ្សព្វផ្សាយ និងការចែករំលែកបទពិសោធន៍នៃភាពជោគជ័យរវាងបណ្តាប្រទេសដៃគូ។
លោកបានបន្តថា ទោះបីកម្ពុជាជាទីផ្សារមានទំហំតូចជាងប្រទេសជាច្រើនក្នុងតំបន់ក៏ដោយ កម្ពុជាបានក្លាយជាទីផ្សារនាំមុខគេរបស់ Saforelle នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបច្ចុប្បន្នក៏ស្ថិតក្នុងចំណោមទីផ្សារលំដាប់កំពូលរបស់ Saforelle នៅទូទាំងពិភពលោក ដោយឈរនៅលំដាប់ទី៣ បន្ទាប់ពីប្រទេសបារាំង និងបែលហ្ស៊ិក។
ភាពជោគជ័យនេះឆ្លុះបញ្ចាំងពីការរួមចំណែករយៈពេលវែងរបស់ PPM ក្នុងការកសាងការយល់ដឹងអំពីសុខភាព និងអនាម័យស្ត្រី ការអភិវឌ្ឍបណ្តាញចែកចាយ និងការធ្វើសកម្មភាពទីផ្សារ ដោយមានការចូលរួមពីឱសថស្ថាន អ្នកជំនាញសុខាភិបាល និងដៃគូពាក់ព័ន្ធជាច្រើននៅទូទាំងប្រទេស។
លោក តិច ស៊ីម៉ូ បានបន្ថែមថា ការចូលរួមរបស់ PPM ក្នុងវេទិកាថ្នាក់តំបន់នេះ មិនត្រឹមតែជាឱកាសសម្រាប់កម្ពុជាក្នុងការរៀនសូត្រពីទីផ្សារផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការចែករំលែកបទពិសោធន៍ និងគំរូជោគជ័យរបស់កម្ពុជាទៅកាន់បណ្តាប្រទេសដៃគូផ្សេងទៀតផងដែរ។
តាមរយៈកិច្ចប្រជុំយុទ្ធសាស្ត្រទីផ្សារលើកដំបូងនេះ ក្រុមហ៊ុន Biocodex មានគម្រោងបន្តរៀបចំកិច្ចពិភាក្សារវាងបណ្តាប្រទេសដៃគូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកបទពិសោធន៍ និន្នាការទីផ្សារ និងយុទ្ធសាស្ត្រថ្មីៗ ក្នុងគោលបំណងបន្តពង្រីកការយល់ដឹងអំពីសុខភាពស្ត្រី និងពង្រឹងការរីកចម្រើនរបស់ក្រុមផលិតផល Saforelle នៅក្នុងតំបន់។
សម្រាប់ PPM កិច្ចសហការនេះក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តនាំយកផលិតផលសុខភាពដែលមានគុណភាព និងម៉ាកយីហោអន្តរជាតិដែលមានការទទួលស្គាល់ មកបម្រើតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាឱ្យកាន់តែទូលំទូលាយ៕